Tuesday, July 14, 2009

សាលា​ឧទ្ធរណ៍​ច្រាន​ចោល​សំណើ​របស់​ពលរដ្ឋ​នៅ​ក្រុម​៧៨

PHOTO HERE
DESCRIPTION HERE

ចៅក្រម​សាលា​ឧទ្ធរណ៍ នៅ​ថ្ងៃ​ច័ន្ទ ទី​១៣ ខែ​កក្កដា ឆ្នាំ​២០០៩ ច្រាន​ចោល​ពាក្យ​ស្នើ​សុំ​រក្សា​ការពារ​ដី​លំនៅ​ឋាន​របស់​ពលរដ្ឋ​ក្រុម​៧៨ សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចម្ការមន ក្រុង​ភ្នំពេញ និង​តម្កល់​សេចក្តី​សម្រេច​របស់​តុលាការ​សាលា​ដំបូង​ថា​ជា​បាន​ការ។

តំណាង​ប្រជាជន​ក្រុម​៧៨ ប្រមាណ ៣០​នាក់ បាន​ទៅ​ចូលរួម​ស្តាប់​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍។

លោក លឹម លីកៀន ដែល​ជា​តំណាង​អ្នក​រង​គ្រោះ បាន​ថ្លែង​ថា ពួក​គាត់​ត្រូវ​សាលា​រាជ​ធានី​ភ្នំពេញ​ឲ្យ​រើ​ផ្ទះ​ចេញ​នៅ​ថ្ងៃ​១៧ ខែ​កក្កដា​ខាង​មុខ ដោយ​មាន​ដីកា​សម្រេច​មិន​រក្សា​ការពារ​ដី​ឲ្យ​ក្រុម ៧៨ របស់​តុលាការ​សាលា​ដំបូង ទើប​ពួក​គាត់​ដាក់​ពាក្យ​ប្តឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​សុំ​រក្សា​ការពារ ប៉ុន្តែ​តុលាការ​សាលា​ឧទ្ធរណ៍​បាន​ច្រាន​ចោល​ទៀត។

លោក លឹម លីកៀន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «តុលាការ​សាលា​ឧទ្ធរណ៍​គេ​ គ្រាន់​តែ​ប្រាប់​យើង​ថា គាត់​មិន​អាច​សម្រេច​ចេញ​ដីកា​ការពារ​ហ្នឹង​ទេ ពីព្រោះ​ដី​យើង​នៅ​ក្នុង​សមត្ថកិច្ច​របស់​គណៈកម្មការ​សុរិយោដី​ជាតិ»។

លោក ខេង សុខរ័ត្ន តំណាង​ក្រុម​៧៨​ដែរ អះអាង​ថា ពួក​គាត់​រស់​នៅ​តំបន់​ក្បែរ​មាត់​ទន្លេ តាំង​ពី​ឆ្នាំ​១៩៨៣ ដោយ​មាន​សុរិយោដី ភូមិ ឃុំ សង្កាត់ ចេញ​ចុង​សន្លឹក​កាន់​កាប់។ បើ​និយាយ​តាម​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ ពួក​គាត់​ជា​ម្ចាស់​ភោគៈ។ ស្រាប់​តែ​ក្រោយ​ឆ្នាំ​២០០៦ បន្ទាប់​ពី​អាជ្ញាធរ​ក្រុង​បម្លាស់​ទី​អ្នក​សហគមន៍​សម្បុក​ចាប​អស់​មក សាលាក្រុង​បែរ​ជា​មក​ចោទ​ក្រុម​៧៨ ភូមិ​១៤ ថា​រស់​នៅ​សេស​សល់​លើ​ដី​សម្បុក​ចាប និង​លើ​ដី​បូម​ចាក់​របស់​ក្រុមហ៊ុន ស៊ូ​ស្រ៊ុន និង​នៅ​លើ​ចំណី​ផ្លូវ ដែល​ត្រូវ​ការ​អភិវឌ្ឍ ទើប​ពួក​គាត់​ប្តឹង​តវ៉ា រហូត​មាន​លិខិត​ពី​អាជ្ញាធរ​សុរិយោដី​ជាតិ​ឲ្យ​អាជ្ញាធរ​ក្រុង​ជួយ​ ដោះស្រាយ។

សាលាក្រុង​បាន​ដោះស្រាយ​ឲ្យ​ពួក​គាត់​យក​ប្រាក់ ៨.០០០​ដុល្លារ ឬ​ប្រាក់ ៥.០០០​ដុល្លារ និង​ដី​១​ឡូតិ៍ នៅ​ភូមិ​ត្រពាំង​អញ្ចាញ ទំហំ ៥​ម៉ែត្រ បណ្តោយ ១២​ម៉ែត្រ ដែល​អ្នក​រស់​នៅ​ក្រុម ៧៨ មួយ​ចំនួន ក្រោយ​ពី​មាន​លិខិត​ជូន​ដំណឹង​ថា នឹង​ប្រើ​កម្លាំង​ចម្រុះ​អនុវត្ត​ច្បាប់​ភូមិ​បាល នៅ​ថ្ងៃ​១៧​កក្កដា​ខាង​មុខ អ្នក​មាន​ដី​និង​ផ្ទះ​ទំហំ​តូចៗ​ព្រម​យក​ប្រាក់​តាម​ការ​ដោះស្រាយ ប្រមាណ​ជិត ២០​គ្រួសារ ព្រម​រើ​ផ្ទះ​ចេញ។ ហើយ​ប្រមាណ ៤០​គ្រួសារ​ទៀត ចង់​ឲ្យ​សាលាក្រុង​ទិញ​ដូរ​ដី​តាម​តម្លៃ​ទីផ្សារ​សេរី។

លោក ខេង សុខរ័ត្ន ថ្លែង​ដូច្នេះ​ថា ៖ «យើង​ខ្ញុំ​នៅ​តែ​ព្យាយាម​ធ្វើការ​ទាម​ទារ​តវ៉ា​សុំ​ឲ្យ​មាន​ការ​ដោះស្រាយ​ឲ្យ​បាន​តម្លា​ភាព»។

មេធាវី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ដែល​ការពារ​ក្តី​ប្រជាជន​ក្រុម ៧៨ លោក សួង សុភា មាន​ប្រសាសន៍​ថា យោង​តាម​ច្បាប់​ភូមិ​បាល​ឆ្នាំ​២០០១ អ្នក​រស់​នៅ​ក្រុម​៧៨ គឺ​ជា​ម្ចាស់​ភោគៈ ៖ «បើ​ធ្វើ​ដោយ​បង្ខំ​អ៊ីចឹង គឺ​ខុស​នឹង​នីតិ​វិធី​គណៈកម្មការ​សុរិយោដី»។

ពាក់​ព័ន្ធ​បញ្ហា​នេះ មន្រ្តី​ជាន់​ខ្ពស់​នៃ​សាលា​រាជ​ធានី​ភ្នំពេញ មមាញឹក​ប្រជុំ មិន​ទាន់​អាច​ឆ្លើយ​តប​បាន​ឡើយ​នៅ​ថ្ងៃ​នេះ។

អ្នក​រស់​នៅ​ក្រុម​៧៨ បាន​ឲ្យ​ដឹង​ថា ក្រុម ៧៨​នោះ ត្រូវ​សាលា​រាជ​ធានី​ហៅ​ទៅ​ប្រជុំ​ច្រើន​ដង​ដើម្បី​ដោះស្រាយ​បញ្ហា​ដី​ធ្លី​ នេះ។ ប៉ុន្តែ​អាជ្ញាធរ​ក្រុង​មិន​ដែល​បាន​ផ្តល់​នាទី​ឲ្យ​អ្នក​ស្រុក​បាន​បំភ្លឺ​ ឡើយ​ជុំវិញ​ដី​ធ្លី​នេះ៕

From:

0 comments:

Post a Comment