អ្នកកាសែត មន្ត្រីសិទ្ធិមនុស្ស និងអ្នកតំណាងរាស្រ្តបានសម្ដែងនូវសេចក្តីរីករាយនៅគ្រាដែលលេច ឭដំណឹងថា ការសេរសេរព័ត៌មានមិនពិត និងការបរិហាកេរ្តិ៍ មិនត្រូវបានគេចាប់ដាក់គុកទៀតឡើយ នៅក្នុងក្រមព្រហ្មទណ្ឌថ្មីនេះ ដែលបានអនុម័តរួចទៅហើយដោយទីស្តីការគណៈរដ្ឋមន្ត្រី កាលពីពាក់កណ្តាលខែមុន ហើយកំពុងត្រូវបានដាក់ចូលទៅក្នុងរដ្ឋសភាជាតិក្នុងការពិនិត្យ។
ប្រធានក្លឹបអ្នកកាសែត លោក ប៉ែន សមិទ្ធិ មានប្រសាសន៍ថា គេគួរតែអនុវត្តក្រមនេះតែម្តងទៅ គឺអ្នកកាសែតមិនគួរជាប់គុកឡើយដោយគ្រាន់តែសរសេរអត្ថបទនោះ។ លោកថា រដ្ឋាភិបាលមានឆន្ទៈក្នុងការធ្វើច្បាប់នេះទៅហើយ ហេតុអ្វីដែលនូវតែតម្រូវឲ្យផ្តន្ទាទោសដាក់គុកចំពោះអ្នកកាសែត ទៀត។
លោក ប៉ែន សមិទ្ធិ មានប្រសាសន៍ដូច្នេះ ៖ «ក្រមព្រហ្មទណ្ឌថ្មីបាន ឆ្លងផុតដៃរបស់រដ្ឋាភិបាលដែលជាអ្នកធ្វើសេចក្ដីព្រាងហើយ ដូច្នេះបានន័យថា ការសម្រេចចិត្តខាងនយោបាយនិងប្ដេជ្ញាចិត្តថា នឹងមិនមានការដាក់ពន្ធនាគារចំពោះបទបរិហារកេរ្តិ៍ ឬមួយក៏បទផ្សាយព័ត៌មានមិនពិតហ្នឹង គឺជាការប្ដេជ្ញាចិត្តមួយមានរួចអស់ហើយ។ អ៊ីចឹងសំណូមពររបស់ខ្ញុំ ដូចខ្ញុំបញ្ជាក់ពីដើម គឺយើងមិនចាំបាច់ឲ្យក្រមព្រហ្មទណ្ឌថ្មីហ្នឹងអនុម័តទេ យើងយកការប្ដេជ្ញាចិត្តដែលមានហ្នឹងមកធ្វើតែម្ដងទៅ ដោយយើងយកច្បាប់កាសែតយកមកប្រើមក»។
លោក ជុំ កាណាល់ ប្រធានសម្ព័ន្ធអ្នកសារព័ត៌មានបានបន្ថែមទៀតយ៉ាងដូច្នេះ ចំពោះក្រមព្រហ្មទណ្ឌថ្មី ៖ «យើងគួរតែអនុវត្តតាមប្រសាសន៍សម្ដេចនាយករដ្ឋមន្រ្តីវិញប្រសើរជាង ពីព្រោះគាត់បានលើកស្ទួយវិជ្ជាជីវៈសារព័ត៌មានកម្ពុជា ដែលគាត់បានពូនជ្រំក្នុងលទ្ធិប្រជាធិបតេយ្យមួយក្នុងការបញ្ចេញ មតិ។ ព្រោះប្រទេសកម្ពុជាយើងត្រូវការបញ្ចេញមតិដើម្បីទិតៀន កែលម្អនូវការខុសឆ្គងទាំងឡាយ»។
ការមិនពេញចិត្តរបស់ក្រុមអ្នកកាសែតកាលពីពេលថ្មីៗនេះ បានសម្ដែងឡើងក្រោយពីការចាប់ខ្លួន លោក ហង្ស ចក្រា និពន្ធនាយកកាសែត "ខ្មែរម្ចាស់ស្រុក" ដាក់ពន្ធនាគារមួយឆ្នាំ និងផាកពិន័យជាប្រាក់ ៩លានរៀល ដោយគ្រាន់តែលោកបានសរសេរអត្ថបទមួយដែលពាក់ព័ន្ធទៅនឹងមន្ត្រី ជុំវិញលោក សុខ អាន ដោយដាក់ចំណងជើងថា លោក ហ៊ុន សែន បំបែកសម្បុកមន្ត្រីពុករលួយជុំវិញលោក សុខ អាន។
លោក ហង្ស ចក្រា ត្រូវបានគេចោទថា បានផ្សព្វផ្សាយនិងសរសេរព័ត៌មានមិនពិត ហើយនិងបានចោទមួយទៀតថាលោកបានបរិហារកេរ្តិ៍នៅក្នុងរឿងនោះ។
ការផ្តន្ទាទោស លោក ហង្ស ចក្រា បានធ្វើឡើងដោយផ្អែកលើច្បាប់ព្រហ្មទណ្ឌសម័យអ៊ុនតាក់ នាឆ្នាំ១៩៩២ ដែលតម្រូវឲ្យមានការផាកពិន័យជាប្រាក់ចំពោះរឿងនេះ និងការដាក់គុកផងដែរ។ ប៉ុន្តែក្រមព្រហ្មទណ្ឌថ្មីនេះ ចាប់ពីមាត្រា ៣០៥ រហូតដល់មាត្រា ៣១០ បានសរសេរថា គ្រប់ការអះអាងបំផ្លើស ការទម្លាក់កំហុសទៅលើបុគ្គលណាមួយ ដោយមានអសុទ្ធចិត្ត អំពើបរិហារកេរ្តិ៍ តាមសារព័ត៌មាន និងការជេរប្រមាថជាសាធារណៈ ត្រូវផ្តន្ទាទោសក្នុងទឹកប្រាក់ប្រមាណ ១សែនរៀល ហើយនិងត្រូវអនុវត្តក្រោមបទបញ្ញត្តិនៃរបបសារព័ត៌មានវិញ។
ជាមួយគ្នានោះដែរ នៅក្នុងមាត្រាទី ៣១១ និង ៣១២ វិញ បានសរសេរថា ការប្តឹងបរិហារកេរ្តិ៍ ហើយគេរកឃើញថាមិនពិតវិញនោះ អ្នកដែលប្តឹងនោះនឹងត្រូវផ្តន្ទាទោសចំនួន ១ខែដល់ទៅ ១ឆ្នាំ និងផាកពិន័យជាប្រាក់បន្ថែមដល់ទៅ ១សែនរៀលថែមទៀត។
មន្ត្រីសិទ្ធិមនុស្សអាដហុក លោក នី ចរិយា បានបញ្ជាក់ថា ក្រមព្រហ្មទណ្ឌថ្មីនោះ ល្អប្រសើរណាស់ប្រសិនបើតុលាការនៅកម្ពុជា មានភាពឯករាជ និងប្រកាន់គោលការណ៍ក្នុងការរកយុត្តិធម៌មែននោះ ប៉ុន្តែបើសិនជាមិនដូច្នេះទេ ក្រុមអ្នកប្រជាធិបតេយ្យនឹងត្រូវប្រឈមមុខកាន់តែខ្លាំងទៅវិញ។ ឧទាហរណ៍ការប្តឹងទៅលើមន្ត្រីដែលកាន់អំណាចទៅលើរឿងអ្វីមួយ ប៉ុន្តែត្រូវបានតុលាការទាត់ចោល ហើយចោទថាបណ្ដឹងមិនពិត ដូច្នេះអ្នកដើមបណ្ដឹងត្រូវជាប់គុកមិនខាន។
លោកបន្ថែមការព្រួយបារម្ភទៀតថា បើសិនជាតុលាការធ្វើរបៀបនេះមែន នឹងនាំឲ្យលែងមានអ្នកប្តឹងផ្តល់ទៅលើរឿងរ៉ាវធំៗនៃមន្ត្រី ខិលខូច ហើយការអនុវត្តចាប់អ្នកបញ្ចេញមតិផាកពិន័យដោយគ្រាន់តែការបញ្ចេញ មតិក្នុងអង្គប្រជុំ ប្រហែលកាន់តែរឹតតឹងទៅៗថែមទៀត។
លោក នី ចរិយា មានប្រសាសន៍ដូច្នេះ ៖ «ឧទាហរណ៍ដូចជាពេលថ្មីៗនេះ យើងមើលឃើញច្រើនករណីហើយ ដូចជាទាក់ទងករណីអ្នកស្រី មូរ សុខហួរ អ្នកកាសែតអីជាដើម ។ល។ ការទាក់ទិនទៅនឹងរឿងបរិហារកេរ្តិ៍ហ្នឹងហើយ»។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានអះអាងថា ក្រមព្រហ្មទណ្ឌថ្មីនេះ បានអនុម័តរួចហើយដោយទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ ទី១៩ មិថុនា កន្លងទៅ ហើយបានដាក់ចូលទៅសភាសម្រាប់ការជជែកនិងអនុម័ត។ លោកបញ្ជាក់ថា ការរៀបចំបន្តទៀតយ៉ាងណានោះ គឺនៅលើរដ្ឋសភាជាតិក្នុងការកែតម្រូវច្បាប់នេះ សម្រាប់បម្រើប្រយោជន៍មហាជន។
លោក ផៃ ស៊ីផាន អះអាងដូច្នេះ ៖ «ព្រោះក្រមព្រហ្មទណ្ឌហ្នឹងជា ច្បាប់មួយការពារនូវផលប្រយោជន៍សាធារណៈ តើផលប្រយោជន៍សាធារណៈហ្នឹងវាមានទម្ងន់ខ្លាំងទៅលើផលប្រយោជន៍ឯកជន យ៉ាងម៉េច? ហ្នឹងជារឿងនយោបាយរបស់សភា»។
មន្ត្រីគណៈកម្មការនីតិកម្មនៃរដ្ឋសភា លោក ប៉ែន បញ្ញា មិនធ្វើអត្ថាធិប្បាយទេ ដោយបិទទូរស័ព្ទនៅគ្រាឮថាវិទ្យុអាស៊ីសេរីសុំការបំភ្លឺ។
គួរជម្រាបជូនថា មកដល់ពេលនេះមានមនុស្សយ៉ាងតិច ១០នាក់ ត្រូវបានតុលាការខ្មែរចោទប្រកាន់និងដាក់គុក ដោយសារតែការសេរសេរព័ត៌មានមិនពិត និងការបរិហារកេរ្តិ៍មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល។ ក្នុងនោះមានអ្នកកាសែតចំនួន ៣នាក់ គឺលោក ហង្ស ចក្រា, លោក ដាំ សិទ្ធ និងអ្នកកាសែតមាតុភូមិ ក្រៅពីនោះ គឺជាមន្ត្រីសិទ្ធិមនុស្ស អ្នកនយោបាយ និងប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជផងដែរ៕
From:
0 comments:
Post a Comment